សារព័ត៌មានថ្មីថ្មី៖ ធនាគារពិភពលោក (World Bank) ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីជំរុញអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យកាន់តែមានសន្ទុះខ្លាំងដោយប្រកបដោយចីរភាព។ លោក Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោក បានអះអាងបែបនេះនៅចំពោះមុខប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត ក្នុងជំនួបការងារនាព្រឹកថ្ងៃទី១៧ ខែមីនា។
នាជំនួបពិភាក្សាការងារជាមួយសម្តេច ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព លោក Carlos Felipe Jaramillo បានកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា។ ជាពិសេស លោកបានបង្ហាញការគាំទ្រចំពោះការដាក់ចេញនូវគោលដៅជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់រដ្ឋាភិបាល។
បច្ចុប្បន្ន ធនាគារពិភពលោកបានដាក់ចេញនូវអាទិភាពចម្បងក្នុងការផ្តល់ជំនួយដល់បណ្ដាប្រទេសនានា រួមទាំងកម្ពុជាផងដែរ។ ក្នុងនោះ គឺមានការបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា ដោយផ្តោតលើវិស័យសក្ដានុពលចំនួន ៥ ។ រួមមាន៖ វិស័យកសិកម្ម និងកសិ-ពាណិជ្ជកម្ម, វិស័យទេសចរណ៍, វិស័យកម្មន្តសាល, វិស័យសុខាភិបាល និង ៥. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។
បើតាមលោក Carlos Felipe Jaramillo ធនាគារពិភពលោកនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន ដែលជាម៉ាស៊ីននៃកំណើនដ៏សំខាន់ ក្នុងការបង្កើតការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច។ លោកបានបញ្ជាក់ថា ៖ « ធនាគារពិភពលោកប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តគាំទ្រ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀត និងប្រកបដោយចីរភាព។»។
សារព័ត៌មានថ្មីថ្មី៖ សម្តេច ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងធនាគារពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា។ កិច្ចសហការពីធនាគារពិភពលោកនេះ ក៏ជាការគាំទ្រដល់ការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាល ក្នុងការជំរុញកម្ពុជាឱ្យសម្រេចនូវចក្ខុវិស័យនៃការប្រែក្លាយខ្លួនជាប្រទេសមានចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០។
ជាមួយគ្នានេះ សម្តេច បានថ្លែងទៅកាន់អនុប្រធានធនាគារពិភពលោកពីការដាក់ចេញនូវគោលនយោបាយជំរុញវិស័យអាទិភាពជាច្រើន ដើម្បីកសាងភាពធន់របស់កម្ពុជា។ ក្នុងនោះ មានការកសាងមូលធនមនុស្ស, ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ, វិស័យអប់រំ, វិស័យសុខាភិបាល, និងការពង្រឹងវិស័យហិរញ្ញវត្ថុ, ការទាក់ទាញការវិនិយោគ, ការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម និងការអភិវឌ្ឍសមត្ថភាពផលិតកម្មសម្រាប់បម្រើឱ្យទីផ្សារក្នុងស្រុក ព្រមទាំងការដាក់ចេញនូវវិធានការចាំបាច់នានា។ សម្តេចនាយករដ្ឋមន្ត្រីបានអះអាងយ៉ាងដូច្នេះ ៖ « ការដាក់ចេញគោលនយោបាយទាំងនេះ គឺដើម្បីធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែមានទាក់ទាញ និងប្រកួតប្រជែង សំដៅធានាបាននូវភាពធន់នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។»។
ក្រៅពីនេះ សម្តេច ក៏បានពិភាក្សាការងារជាមួយលោក Jaramillo អំពីអាទិភាពសំខាន់ៗក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។ ក្នុងនោះ ភាគីទាំងពីរ បានពិភាក្សាគ្នាពីការអភិវឌ្ឍវិស័យអប់រំ និងការកសាងធនធានមនុស្សនៅកម្ពុជា, ការពង្រឹងសមត្ថភាព, ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនកម្ពុជា រួមទាំងសារៈសំខាន់នៃភាពជាដៃគូរវាងរដ្ឋាភិបាល និងវិស័យឯកជន។ ការណ៍ គឺសំដៅចាប់យកកាលានុវត្តភាព និង ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយភាពធន់ នៅក្នុងបរិបទនៃភាពមិនប្រាកដប្រជានៃពិភពលោកនាពេលបច្ចុប្បន្ន៕
ប្រភព: https://thmeythmey.com