សារព័ត៌មានគីរីផូសខ្មែរ៖ កម្ពុជាបានចុះកិច្ចព្រមព្រៀងលើឥណទានសម្បទានចំនួន ១,២២ប៊ីលានដុល្លារជាមួយដៃគូអភិវឌ្ឍន៍ក្នុងឆ្នាំ២០២៥ ពោលគឺស្មើនឹង ៤៥ភាគរយនៃពិតានកម្ចីចំនួន ២,៨ប៊ីលានដុល្លារ និងតិចជាងឆ្នាំ២០២៤ ចំនួន ៣១ភាគរយ ខណៈពេលដែលរក្សាបាននូវកម្រិតបំណុលសាធារណៈប្រកបដោយចីរភាពចំនួន ១៣,០៥ប៊ីលានដុល្លារ ហើយគ្រោងនឹងខ្ចីរហូតដល់ ៣,១ប៊ីលានដុល្លារក្នុងឆ្នាំ២០២៦។ ឥណទានទាំងនេះគឺដើម្បីផ្តល់ហិរញ្ញប្បទានដល់ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអភិវឌ្ឍន៍ជាអាទិភាពនានា។
កម្ពុជាបានចុះហត្ថលេខាលើប្រាក់កម្ចីថ្មីប្រមាណ ១,២២ប៊ីលានដុល្លារជាមួយដៃគូអភិវឌ្ឍន៍ក្នុងឆ្នាំ២០២៥ ដែលឈានដល់ ៤៥ភាគរយនៃពិតានកម្ចីចំនួន ២,៨ប៊ីលានដុល្លារដែលត្រូវបានអនុម័តដោយច្បាប់។ ចំនួននេះបង្ហាញពីការថយចុះ ៣១ភាគរយបើធៀបនឹងឆ្នាំ២០២៤ ជាមួយនឹងផែនការខ្ចីប្រាក់រហូតដល់ ៣,១ប៊ីលានដុល្លារក្នុងឆ្នាំ២០២៦។
យោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា កាលពីថ្ងៃទី១០ ខែមីនា រដ្ឋាភិបាលបានចុះហត្ថលេខាលើកម្ចីថ្មីជាមួយដៃគូអភិវឌ្ឍន៍ក្នុងទឹកប្រាក់ប្រមាណ ១,២២ប៊ីលានដុល្លារក្នុងឆ្នាំ២០២៥ ដែលស្មើនឹង ៨៩០,០៦លានដុល្លាររូបិយបណ្ណពិសេស (SDR)។
ប្រាក់កម្ចីដែលបានចុះហត្ថលេខាថ្មីមានចំនួន ៤៥ភាគរយនៃពិតានកម្ចី ២,៨ប៊ីលានដុល្លារ (២០០០លាន SDR) ដែលអនុញ្ញាតដោយច្បាប់គ្រប់គ្រងហិរញ្ញវត្ថុ ដែលក្នុងនោះ ៣៣ភាគរយត្រូវបានចុះហត្ថលេខាជាមួយដៃគូអភិវឌ្ឍន៍ទ្វេភាគី និង ៦៧ភាគរយត្រូវបានចុះកិច្ចព្រមព្រៀងជាមួយដៃគូអភិវឌ្ឍន៍ពហុភាគី។
របាយការណ៍បានបង្ហាញថា នៅក្នុងប្រាក់កម្ចីទ្វេភាគី ប្រាក់កម្ចីថ្មីត្រូវបានចុះហត្ថលេខាពីប្រទេសបារាំង អាល្លឺម៉ង់ ជប៉ុន និងកូរ៉េ ខណៈដែលប្រាក់កម្ចីពហុភាគីមកពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ធនាគារវិនិយោគអឺរ៉ុប មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម និងធនាគារពិភពលោក។
សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា៖«បើធៀបនឹងឆ្នាំ២០២៤ ការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីក្នុងឆ្នាំ២០២៥នេះ មានការថយចុះប្រមាណ ៣១ភាគរយ» ដោយបន្ថែមថាឥណទានទាំងនេះសុទ្ធសឹងតែជាឥណទានដែលមានកម្រិតសម្បទានខ្ពស់ជាមួយនឹងធាតុអំណោយជាមធ្យមប្រហែល ៣៩,៣ភាគរយ។
«គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម»។ របាយការណ៍ដដែលក៏បានសង្កត់ធ្ងន់ថា ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្ននៅតែបន្តរក្សានូវ «ចីរភាព» និង «ហានិភ័យកម្រិតទាប»។
លោក ជ័យ តិច អ្នកវិភាគសេដ្ឋកិច្ចសង្គម មានប្រសាសន៍ថា ការផ្លាស់ប្តូរនេះគឺជាសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ច និងការអភិវឌ្ឍរបស់កម្ពុជា ខណៈដែលកម្ពុជាត្រៀមខ្លួនចាកចេញពីស្ថានភាពប្រទេសមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ ដោយបន្ថែមថា ការពឹងផ្អែកលើប្រាក់កម្ចីពីដៃគូដូចជា ADB និងធនាគារពិភពលោកបានធ្លាក់ចុះ ដោយសាររដ្ឋាភិបាលបង្កើនគម្រោងថវិកាផ្ទាល់ខ្លួន។
លោកបានកត់សម្គាល់ថា៖«យើងឃើញគម្រោងថ្មីៗ ដូចជាហេដ្ឋារចនាសម្ព័ន្ធ និងការជួសជុលផ្លូវក្នុងខេត្តសៀមរាប និងក្រុងព្រះសីហនុ និងការអនុម័តកាលពីចុងឆ្នាំ២០២៥ លើការស្តារផ្លូវចំនួន ១៦ខ្សែក្នុងខេត្តបាត់ដំបង ដោយប្រើប្រាស់ថវិការបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំនួសឱ្យប្រាក់កម្ចីពីដៃគូអភិវឌ្ឍន៍»។
លោក ជ័យ តិច បានបញ្ជាក់ថា នេះឆ្លុះបញ្ចាំងពីភាពរឹងមាំនៃសេដ្ឋកិច្ច និងចំណូលជាតិរបស់កម្ពុជា ដែលអាចឱ្យប្រទេសនេះ សងបំណុលបរទេសបាន ខណៈពេលដែលបែងចែកថវិការដ្ឋសម្រាប់ការអភិវឌ្ឍខ្លួនឯង ជាពិសេសសម្រាប់ការវិនិយោគធំៗក្នុងការអភិវឌ្ឍសង្គម ការការពារសង្គម និងហេដ្ឋារចនាសម្ព័ន្ធ។
គួរឱ្យដឹងថា របាយការណ៍មួយបាននិយាយថា ៧៩ភាគរយនៃប្រាក់កម្ចីថ្មីត្រូវបានកំណត់សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជាថាមពល ប្រព័ន្ធធារាសាស្រ្ត ការដឹកជញ្ជូន និងការផ្គត់ផ្គង់ទឹក និង ២១ភាគរយសម្រាប់វិស័យមិនមែនហេដ្ឋារចនាសម្ព័ន្ធ រួមមានវិស័យកសិកម្ម អប់រំ សុខាភិបាល និងវិស័យអាទិភាពផ្សេងៗទៀត។
គិតត្រឹមដំណាច់ឆ្នាំ២០២៥ បំណុលជាតិមានចំនួន ១៣,០៥ប៊ីលានដុល្លារ ដែលក្នុងនោះ ២ភាគរយ (២៤៦,៨៣លានដុល្លារ) ជាបំណុលក្នុងស្រុក និង ៩៨ភាគរយ (១២,៨១ប៊ីលានដុល្លារ) ជាបំណុលពីខាងក្រៅ។
សូមជម្រាបថា នៅឆ្នាំ២០២៦ កម្ពុជាគ្រោងនឹងខ្ចីប្រាក់រហូតដល់ ២,២៥ប៊ីលាន SDR ឬស្មើនឹងប្រហែល ៣,១ប៊ីលានដុល្លារសម្រាប់គម្រោងវិនិយោគសាធារណៈ ដែលជាការកើនឡើង ១២,៥ភាគរយ ធៀបនឹងឆ្នាំមុន ដែលមានចំនួនត្រឹម ២,៦ប៊ីលានដុល្លារ៕